កម្ពុជាអះអាងថា វិធានការផ្អាកច្រកព្រំដែនប្រឈមមុខជាមួយថៃ គឺត្រឹមត្រូវតាមច្បាប់អន្តរជាតិ ដើម្បីការពារជនស៊ីវិលពីការឈ្លានពាន

(ភ្នំពេញ)៖ កម្ពុជាបានចេញមុខការពារយ៉ាងដាច់ខាតនូវវិធានការរបស់ខ្លួនក្នុងការផ្អាកបណ្តោះអាសន្ននូវការឆ្លងកាត់ច្រកទ្វារព្រំដែនដែលកំពុងប្រឈមមុខជាមួយប្រទេសថៃ ដោយអះអាងថា នេះគឺជា «វិធានការសន្តិសុខ» ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋក្នុងគ្រាអាសន្នសាធារណៈ។

ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថា ការផ្អាកដំណើរការច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ គឺជាការចាំបាច់ដាច់ខាត ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលបង្កឡើងដោយអំពើឈ្លានពានទ្រង់ទ្រាយធំរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា។ ភាគីកម្ពុជាបានលើកឡើងថា ការឈ្លានពាននេះបានប្រើប្រាស់សព្វាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម និងផ្សែងគីមីពុល វាយប្រហារចូលយ៉ាងជ្រៅក្នុងតំបន់ស៊ីវិល បណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ ១១ រូប និងរបួស ៥៩ រូប។

ចំពោះការចោទប្រកាន់ពីសំណាក់អ្នកនាំពាក្យ និងក្រុមអ្នកនយោបាយថៃ ដែលថាវិធានការកម្ពុជាជាទង្វើខុសច្បាប់នោះ កម្ពុជាបានច្រានចោលទាំងស្រុង ដោយពន្យល់ថា វិធានការនេះគឺ «សមាមាត្រ និងចាំបាច់» ស្របតាមមាត្រា ៤ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលអនុញ្ញាតឱ្យរដ្ឋជាភាគីអាចផ្អាកការអនុវត្តសិទ្ធិធ្វើដំណើរក្នុងកាលៈទេសៈសង្គ្រាម ឬគ្រាអាសន្នសាធារណៈ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់លើ «សុច្ឆន្ទៈ» របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្កើនការគាំពារសុវត្ថិភាពដល់ប្រជាពលរដ្ឋថៃ និងជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដូចគ្នានឹងពលរដ្ឋខ្មែរដែរ។ កម្ពុជាបានចាត់ទុកថា ការបំភ្លៃព័ត៌មានរបស់ភាគីថៃ គឺគ្រាន់តែជាសារនយោបាយដែលប៉ុនប៉ងមួលបង្កាច់វិធានការស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជាបានព្រមានថា ភាគីថៃអាចប្រឈមនឹងបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានបទឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម ដោយសារតែការវាយប្រហារជាប្រព័ន្ធលើតំបន់ស៊ីវិល និងសម្បត្តិបេតិកភណ្ឌពិភពលោក។

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *