ក្រសួងការពារជាតិ ចេញសេចក្តីបដិសេធដាច់ណាត់ ចំពោះព័ត៌មានបង្ខូចការពិតរបស់ថៃ ស្តីពីការបិទព្រំដែន

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ (ក.ប.ជ.) នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបានធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ និងបំភ្លៃខុសការពិតពីភាគីថៃ។ ព័ត៌មានរបស់ភាគីថៃនោះបានចោទប្រកាន់មកលើកម្ពុជាថា បានសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងគោលបំណងដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ។

ក្រសួងការពារជាតិបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺគ្រាន់តែផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹក ដែលជាប់ព្រំដែនកម្ពុជាជាមួយថៃ កំពុងមានអរិភាព ប៉ុណ្ណោះ។ គោលបំណងនៃការផ្អាកនេះ គឺដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ។

សេចក្តីសម្រេចចិត្តនេះ មិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។ ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជាបានអះអាងជាថ្មីនូវការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងបានលើកឡើងថា កម្ពុជាចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាព និងការពារអាយុជីវិតរបស់ជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ ជនបរទេស រួមទាំងប្រជាជនថៃ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ គឺជាអាទិភាពខ្ពស់បំផុត។

លើសពីនេះ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយផ្តួចផ្តើមគំនិតពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសង្ឃឹមថាភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀងនេះដូចកម្ពុជាដែរ។

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *