ក្រសួងពីរប្រកាសសេចក្តីណែនាំថ្មី ចាំបាច់ដាច់ខាតឱ្យបញ្ឈប់ការផ្សព្វផ្សាយមាតិកាថៃ ឬព័ត៌មានមិនច្បាស់លាស់៖ ការបំពានអាចប៉ះពាល់ដល់សន្តិសុខជាតិ!

**ភ្នំពេញ៖** នៅក្នុងកាលៈទេសៈដ៏តានតឹងដែលប្រទេសថៃកំពុងបង្កបញ្ហាឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងព័ត៌មាន (ក.ព.) បានចេញសេចក្តីណែនាំរួមដ៏សំខាន់មួយ ដោយប្រកាសអាសន្ននិងទាមទារឱ្យសាធារណជនទាំងអស់បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពចែករំលែក ចូលរួមមតិ ឬប្រតិកម្មនៅលើបណ្តាញសង្គមចំពោះមាតិកាដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ)។ សេចក្តីណែនាំនេះ បានសង្កត់ធ្ងន់ពីហានិភ័យធ្ងន់ធ្ងរដែលទង្វើទាំងនេះកំពុងតែធ្វើឱ្យប៉ះពាល់ដល់សច្ចភាពជាតិ និងសន្តិសុខសង្គម។

យោងតាមសេចក្តីណែនាំរបស់ក្រសួងទាំងពីរ ការចូលទៅចុចប្រតិកម្ម (React) ចែករំលែក (Share) ឬបញ្ចេញមតិ (Comment) លើអត្ថបទ រូបថត វីដេអូ ឬសារផ្សេងៗរបស់ថៃ ឬព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសកម្មដោយមិនដឹងខ្លួនក្នុងការផ្សព្វផ្សាយមាតិកាបំភ្លៃការពិតរបស់ភាគីម្ខាងទៀត។ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើនេះកំពុងធ្វើឱ្យព័ត៌មានភូតកុហក ញុះញុង និងបំបាក់ស្មារតីជាតិសាយភាយយ៉ាងគំហុក ដែលអាចគ្របដណ្ដប់លុបលើសច្ចភាពដែលចេញពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការរបស់កម្ពុជា។

លើសពីនេះ បញ្ហាដ៏ធ្ងន់ធ្ងរមួយទៀតត្រូវបានលើកឡើង គឺការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT និង Gemini ដែលកំពុងទាញយកព័ត៌មានបំភ្លើសទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើនឡើង ដែលអាចធ្វើឱ្យពិភពលោកទាំងមូលយល់ច្រឡំថាជាព័ត៌មានពិត។ ក្រសួងបានអះអាងថា ព័ត៌មានមិនពិតទាំងនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងគំរោះគំរើយរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងន័យទប់ស្កាត់ការរីករាលដាលនៃព័ត៌មានបំផ្លើស និងការពារបូរណភាពជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមចេញបទបញ្ជាឱ្យសាធារណជនអនុវត្តវិធានការជាបន្ទាន់ដូចខាងក្រោម៖ 1. **រាយការណ៍ និងប្លុក (Report & Block):** រាយការណ៍បញ្ហា និងប្លុកចោលជាបន្ទាន់នូវទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) និងបណ្តាញសង្គមនានា ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ 2. **ចុចប្រតិកម្មកំហឹង (Angry Reaction):** ចុចប្រតិកម្មកំហឹង («Angry»/😡) លើអត្ថបទ មាតិកា និង/ឬព័ត៌មានទាំងអស់ ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅលើទំព័រ ឬគណនីហ្វេសប៊ុកដែលមានប្រភពមិនច្បាស់លាស់។ 3. **ការគោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៖** ចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ**ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន**។

ការណែនាំនេះមិនមែនជាការលើកឡើងត្រឹមសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរំលឹកដល់កាតព្វកិច្ចច្បាប់ផងដែរ។ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលបង្កឱ្យមានអស្ថិរភាព ឬប៉ះពាល់ដល់ភាពជឿជាក់លើការដឹកនាំរបស់រដ្ឋ អាចប្រឈមទៅនឹងការចោទប្រកាន់តាមផ្លូវច្បាប់។ យោងតាម **មាត្រា ១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន** ដែលធានាសេរីភាពសារព័ត៌មាន គឺបានចែងយ៉ាងច្បាស់ផងដែរថា សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យ**ប៉ះពាល់ដល់សន្តិសុខជាតិ** សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ល្អរបស់សង្គម ឬបំពានលើកម្មសិទ្ធិបញ្ញានោះឡើយ។ ទោះបីជាច្បាប់នេះផ្តោតលើស្ថាប័នសារព័ត៌មានក៏ដោយ ក៏គោលការណ៍គ្រឹះនៃការពុំផ្សព្វផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ គឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់បណ្តាញសង្គម ដែលបច្ចុប្បន្នត្រូវបានចាត់ទុកជាប្រភពផ្សព្វផ្សាយព័ត៌មានដ៏សំខាន់។

ទន្ទឹមនឹងការដាក់ចេញនូវបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ក៏បានសម្តែងការកោតសរសើរនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព ឱ្យបន្តចូលរួមផលិតនិងផ្សព្វផ្សាយសម្លេងនិងសច្ចភាពរបស់កម្ពុជាទៅកាន់សកលលោក។ ការចូលរួមចំណែកដោយស្មារតីស្នេហាជាតិបែបនេះ នឹងរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យព័ត៌មានបំផ្លើស និងគ្មានសច្ចភាពរបស់ថៃបាត់បង់ប្រជាប្រិយភាពទាំងនៅលើបណ្តាញសង្គម និងបណ្តាញព័ត៌មានពិភពលោក។

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *