សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ទីក្រុងកូឡាឡាំពួរ

១. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

២. ម៉ាឡេស៊ីបានជម្រាបអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងដែលអនុវត្តដោយ ឯកឧត្តម នាយករដ្ឋមន្ត្រី អន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីលើកទឹកចិត្តទាំងកម្ពុជា និងថៃ ឲ្យបញ្ឈប់នូវអរិភាព។ អង្គប្រជុំក៏ត្រូវបានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជម្រាបជូនផងដែរ ដោយផ្អែកលើអាណត្តិរបស់ AOT។ កម្ពុជា និងថៃ បានចែករំលែកជំហររៀងៗខ្លួនរបស់ពួកគេ។

៣. អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្ម និងការបន្តចូលរួមរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី អន់វ៉ា អ៊ីប្រាហ៊ីម និង ឯកឧត្តម ប្រធានាធិបតី ដូណាល់ ជេ. ត្រាំ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីបណ្ដារដ្ឋជាសមាជិកអាស៊ាន និងចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានការណ៍ដែលកំពុងបន្ត។ អង្គប្រជុំមានការលើកទឹកចិត្តដោយឆន្ទៈ និងការត្រៀមខ្លួនរួចជាស្រេចរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តម នាយករដ្ឋមន្ត្រី អនុទិន ឆានវីរកូល ក្នុងការបន្តធ្វើទំនាក់ទំនងជាមួយប្រធានអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការយល់ច្រឡំណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។

៤. អង្គប្រជុំបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះឯកភាព និងសាមគ្គីភាពអាស៊ាន ព្រមទាំងតួនាទីស្នូលរបស់អាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន។

៥. អង្គប្រជុំបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីសម្រេចនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឲ្យទាំងកម្ពុជា និងថៃ អនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចទាំងនោះ។

៦. អង្គប្រជុំបានសម្តែងនូវក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការបន្តភាពតានតឹង និងអរិភាព ដែលបណ្តាលឲ្យមានការស្លាប់របួសយ៉ាងច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិលនៅតាមព្រំដែនទាំងសងខាង និងបានអំពាវនាវដល់ភាគីទាំងពីរ ធានាថាប្រជាជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចត្រឡប់ទៅផ្ទះសម្បែង និងមុខរបរធម្មតារបស់ពួកគេវិញ ដោយគ្មានការរារាំង និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចកាលពីមុនពេលមានការផ្ទុះឡើងនៃអរិភាព។

៧. អង្គប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីចៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

៨. អង្គប្រជុំបានជំរុញឲ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ខ្ពស់បំផុត និងចាត់វិធានការជាបន្ទាន់ឆ្ពោះទៅរកការបញ្ឈប់នូវទម្រង់អរិភាពទាំងអស់។ អង្គប្រជុំបានអំពាវនាវឲ្យប្រទេសទាំងពីរ ស្តារការទុកចិត្ត និងជំនឿគ្នាទៅវិញទៅមកឡើងវិញ និងត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈយន្តការទ្វេភាគី ព្រមទាំងការប្រើប្រាស់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើការដោះមីនមនុស្សធម៌រស់ឡើងវិញ និងអនុវត្តការបន្ថយភាពតានតឹងផ្នែកយោធា តាមបណ្តោយព្រំដែនរួមគ្នារបស់ពួកគេ ក្រោមការសង្កេតការណ៍របស់ AOT និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះស្ថានការណ៍នេះ។

៩. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះកិច្ចពិភាក្សាស្ដីពីការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ គណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយអរិភាពឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

១០. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្តេជ្ញាចិត្តថានឹងបន្តដោះស្រាយបញ្ហានេះ។

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *