សម្តេចតេជោ ហ៊ុន សែន ច្រានចោលព័ត៌មានអគតិ៖ «កម្ពុជាគ្មានទាហានបរទេសចូលរួមប្រយុទ្ធ ឬជាទីប្រឹក្សាយោធាទេ តាំងពី UNTAC ដកចេញឆ្នាំ១៩៩៣

**ភ្នំពេញ៖** សម្តេចតេជោ ហ៊ុន សែន ឥស្សរជនជាន់ខ្ពស់របស់កម្ពុជា បានចេញមុខធ្វើការច្រានចោលភ្លាមៗ ចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលបានលើកឡើងថា មានទាហានរុស្ស៊ី និងជនបរទេសមួយចំនួនទៀតកំពុងចូលរួមប្រយុទ្ធ ឬបម្រើការជាទីប្រឹក្សាយោធានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមិនមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ តាំងពីបេសកកម្មរបស់អង្គការសហប្រជាជាតិ (UNTAC) បានដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

ក្នុងគោលបំណងដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាការពារកិត្តិយសរបស់ប្រទេសរុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទប្រកាន់ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាពុំមានជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»។ សម្តេចបានបន្ថែមទៀតថា វត្តមានយោធាបរទេសលើទឹកដីកម្ពុជា គឺមិនមានកើតឡើងទាល់តែសោះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោបានទទួលស្គាល់ និងធ្វើការបកស្រាយបំភ្លឺនូវករណីលើកលែងមួយចំនួន ដើម្បីជៀសវាងការភាន់ច្រឡំ។ សម្តេចបានលើកឡើងថា កម្ពុជាធ្លាប់មានយោធាបរទេសចូលមកក្នុងគោលបំណងតែមួយគត់ គឺដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីតែប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

ការចូលមកធ្វើសមយុទ្ធទាំងនោះ ត្រូវបានបញ្ជាក់ថា គឺជាទម្លាប់ធម្មតាមួយដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នានៅលើពិភពលោក។ ជាឧទាហរណ៍ជាក់ស្តែង គឺវត្តមានរបស់កងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រនៃខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធការពារជាតិ។

លើសពីនេះ សម្តេចតេជោ ក៏បានទទួលស្គាល់ផងដែរថា មកដល់បច្ចុប្បន្ន មានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងប្រទេសកម្ពុជា។ ក្រុមជនបរទេសទាំងនោះមានដូចជា ភ្ញៀវទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស ឬអ្នកធ្វើការឱ្យក្រុមហ៊ុនបរទេស ឬក្នុងស្រុក។ យ៉ាងណាក៏ដោយ សម្តេចបានគូសបញ្ជាក់យ៉ាងមុតមាំថា អ្នកទាំងនោះពុំមានការពាក់ព័ន្ធណាមួយជាមួយវិស័យយោធា ឬការប្រយុទ្ធណាមួយឡើយ៕

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *